2 Monks at Polangkar pagoda (Siem Reap) Drinking and drunken by - TopicsExpress



          

2 Monks at Polangkar pagoda (Siem Reap) Drinking and drunken by ABC beer in the pagoda with 2 young girls and 2 boys, all of them are very drunk and fighting with local police, then police were arrested them to police station? សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល ទៀតនោះ មន្ត្រីអាជ្ញាធរ រួមទាំងមន្ត្រីពាក់ព័ន្ធ រុញឲ្យគ្នាទៅវិញទៅមក មិនព្រមដោះស្រាយ Friday, 19 September 2014 20:22 ដោយៈ ដើមអម្ពិល(DAP) ID-067 E-mail Print PDF សៀមរាប : ទាំងសង្ឃ ទាំងស្រីស្អាត ទាំងក្មេងវត្ត ផឹកស៊ីសុទ្ធតែ អាបេសេ (ABC) ជ្រាបចូលពេញខ្លួនហើយ ចាំអីទៀត នាំគ្នាវាយតដៃ និងសមត្ថកិច្ចនគរបាល ដែលចុះទៅពិនិត្យ និងសួរនាំ ។ នគរបាល ទ្រាំមិនបាន ក៏ការពារខ្លួន ជាលទ្ធផល របួសទាំងនគរបាល របួសទាំងសង្ឃ លើកលែងតែស្រីស្អាត មិនមានរបួសធំដុំ ។ ហេតុការណ៍លោកសង្ឃផឹកស៊ី (ABC Beer) មានស្រីស្អាតកំដរ នៅក្នុងវត្តនេះ គឺបានកើតឡើងនៅវត្តពោធិ៍លង្ការ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គឺនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ត្រូវនឹងការកាន់បិណ្ឌ វេណទី១១ រហូតដល់រាត្រី ទើបមានអ្នករាយការណ៍ ឲ្យមន្ត្រីនគរបាលមូលដ្ឋាន ចុះពិនិត្យមើល៍ លុះសមត្ថកិច្ច មកដល់ក៏ឃើញ សកម្មភាពលោកសង្ឃ ឆានសុរា ប្រភេទ ប៊ីយ៊ែរ អាបេសេ ពិតមែន និងមានស្រីវ័យក្មេង ស្រស់ស្អាតកំដរទៀតផង ។ អ្នកបានឃើញហេតុការណ៍ផ្ទាល់ភ្នែក នូវសកម្មភាព ពេលដែលមន្ត្រីនគរបាល ទៅដល់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពេលដែលនគរបាល ចូលដល់កុដ្ឋក្នុងវត្តនោះ ពេលដែលបានឃើញសង្ឃទាំង ២អង្គ និងស្រីស្អាតវ័យក្មេងទាំង២នាក់ រួមជាមួយក្មេងប្រុស ២នាក់ កំពុងស៊ីផឹក ស្រវឹងយ៉ាងទន់ទោរ បែបនេះ ក៏បានសួរនាំព្រះសង្ឃ និងក្រុមនោះ ។ តែដោយអំណាច អាបេសេ ជ្រាបពេញខ្លួនហើយ ក៏បានតមាត់ឈ្លោះប្រកែកជាមួយ នគរបាល រហូតដល់មានការវាយមកលើក្រុមកម្លាំងនគរបាល ទើបកម្លាំងនគរបាល តដៃវិញ រហូតមានរបួសទាំងសង្ខាង ទើបសមត្ថកិច្ចបាននាំខ្លួនលោកសង្ឃ និងស្រីស្អាត រួមជាមួយ ក្មេងសិស្សលោក ទៅប៉ុស្ដិ៍នគរបាល សង្កាត់ស្លក្រាម ដើម្បីសួរនាំបន្ដ ។ លោក វ៉ាន់ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានមានប្រសាសន៍ ឆ្លើយទៅនិងសំនួរ របស់អ្នកយកព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា លោកមិនទាន់បានឃើញ ខាងក្រុងរាយការណ៍ឲ្យលោក ផងរឿងហ្នឹងទេ គឺលោកបានបញ្ជាក់ថា អត់ទាន់រាយការណ៍ឲ្យលោកថា រឿងនោះយ៉ាងម៉េចអីផង ។ លោកថា លោកគ្រាន់តែបានទទួលព័ត៌មាន ពីមន្ត្រីសង្ឃខេត្ត គ្រាន់តែប្រាប់គាត់ថា មានករណីឃាត់ ព្រះសង្ឃ ២អង្គ តែប៉ុណ្ណឹង ។ លោកបញ្ជាក់ប្រាប់ថា ករណីហ្នឹងខាងនគរបាល ជាអ្នកដោះស្រាយ ជាមួយនិងមន្ត្រីសង្ឃ ។ បន្ទាប់មកលោក បានផ្ដល់ឲ្យលេខទូរព័ទ្ទរបស់មន្ត្រីសង្ឃ ដើម្បីឲ្យអ្នកយកព័ត៌មានទាក់ទងសួរ ព័ត៌មានបន្ថែមពីរឿងរ៉ាវនោះ ។ លោកបន្ថែមថា ព្រោះរឿងនេះវាស្ថិតនៅក្នុងក្រុងសៀមរាប ដូច្នេះទាក់ទងនិងរឿងព្រះសង្ឃ គឺព្រោះសង្ឃ ជាអ្នកដោះស្រាយហើយ ។ ចំពោះ ព្រះតេជៈគុណ ឡាច លាង ព្រះអនុគុណក្រុងសៀមរាប បានមានសង្ឃដីកា ឆ្លើយប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទ ថា ព្រះតេជគុណ មិនបាននិមន្ដទៅដោះស្រាយ ដោយផ្ទាល់នោះទេចំពោះរឿងនោះ ។ តែព្រះអង្គបាន ដឹងព័ត៌មាន គឺខាងមន្ត្រីសង្ឃក្រុង លោកទៅដោះស្រាយ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គដូចជាឮថា មានការតបត វៃតប់គ្នា ជាមួយនគរបាលទៅ ឮថា រហូតដល់ឥឡូវនេះ មានការសឹកបាត់ហើយ គឺខាងមន្ត្រីសង្ឃលោកជាអ្នកផ្សឹកហ្នឹងឯង ប៉ុន្តែក៏មានការព្រមព្រៀងដែរ ។ ព្រះតេជគុណ មានសង្ឃដីកាបញ្ជាក់ថា វាកំពុងតែស្រវឹងប៉ែឡោ ក៏មានស្រីនៅនោះផង អីណាអីណី គឺស្រវឹង កំពុងតែស្រវឹង ប៉ល់ហ្នឹងឯង គឺទាំងអស់គ្នាហ្នឹងឯង គឺសង្ឃ ២អង្គ និង ឧបាសក ៤នាក់ (ស្រី ២នាក់)។ គឺពេលដែលមន្ត្រីសង្ឃ និងមន្ត្រីនគរបាល ទៅដល់នោះ ពួកគេរកដាល់គ្នាជាមួយ ប៉ូលីស ។ ដ៏ដាល់ទៅ មេប៉ូលីសនោះ ក៏បានទាក់ទងទៅព្រះតេជគុណដែរ កាលពីយប់មិញហ្នឹង ។ ពេលនោះក៏មានការតខ្លះវិញ (វាយតគ្នាវិញ) គឺដាក់ខ្លះវិញ របួសរាងតែខ្លួនហ្នឹងឯង។ ហើយឮថា ខាងសង្ឃមានកាំបិតផង គឺកាប់ប៉ូលីស ត្រូវម្នាក់ ។ ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គ មិនបានឃើញហេតុការណ៍ទេ គឺគ្រាន់តែឮ អត់ដឹងច្បាស់ហ្នឹងណា គឺឮព័ត៌មានទាំងយប់ហ្នឹងឯង ។ ដល់ពេលនេះទៅ គឺព្រឹកមិញអាត្មាបាននិមន្តទៅ ក៏ស្ងាត់អស់ទៅ អត់ឃើញអីទេ ព្រះតេជគុណបានប្រាប់ថា សង្ឃមួយអង្គ ក្នុងចំណោមនោះ បើតាមរបាយការណ៍សរសេរត្រួសៗ គឺមានឈ្មោះថា ពេជ្រ ដាវី ដែលបួស យូរគ្រាន់ ហើយដែរ តែគ្រាន់តែពីមុន គឺបួស នៅវត្តកេសរ៉ារ៉ាម (វត្តធម្មយុត្ត) ក្នុងក្រុងសៀមរាប គឺមានកេរ្តិ៍ឈ្មោះមិនល្អដែរ គឺគេបានដេញចេញពីនោះទៅ ។ ចំពោះព័ត៌មានលម្អិត បន្ថែមចុងក្រោយក្រៅពីនេះ រហូតដល់ពេលនេះ គឺយើងមិនទាន់បានទទួលនោះទេ ព្រោះព័ត៌មាន ទាំងនេះ ហាក់ស្ថិតនៅក្នុងភាពលាក់លៀម នៅឡើយ ។ ដូចជា ថាទាំងសង្ឃ ២អង្គ និងស្រ្ដីវ័យក្មេងស្រស់ស្អាតទាំង ២នាក់ ព្រមទាំងក្មេងប្រុស ២នាក់នោះ ជាអ្នកណា មានទីលំនៅឯណា ហើយពួកគេតែងតែជួបគ្នាញឹកញាប់ប៉ុណ្ណា ជាដើមនោះនៅឡើយទេ ។ ទោះជាយ៉ាងណា ទាក់ទងនឹងសង្ឃទាំងពីរអង្គនេះ ប្រព្រឹត្តិសេបសុរា និងមានស្រីកំដរ នៅក្នុងទីវត្តអារ៉ាម មួយនេះ ធ្វើឲ្យមានពុទ្ធបរិស័ទ្ធមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ដែលចំណុះជើងវត្តនេះ បានរអ៊ូប្រាប់អ្នកយកព័ត៌មាន បែបហាក់មានប្រតិកម្ម ថា ការពិតគឺមានសង្ឃអង្គខ្លះ នៅវត្តមួយនេះ ហាក់មិនបានគោរព និងប្រតិបត្តិនូវ ធម៌វិន័យឲ្យ បានខ្ជាប់ខ្ជួននោះទេ គឺប្រើទួរស័ព្ទទំនើបៗ កន្លងទៅពេលមានក្មេងស្រីដើរកាត់វត្ត ស្រែកឌឺដង ជាដើម រីឯទីធ្លាវត្ត អារ៉ាមវិញ មិនបានសម្អាតត្រឹមត្រូវ ។ ពួកគាត់បាននិយាយបន្តថា ទាំងនេះ ទំនងមកពីព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត មិនមានសមត្ថភាពគ្រប់គ្រង ដូចវត្តដ៏ទៃៗផង ក៏មិនដឹង បានជា បណ្ដាលឲ្យព្រះសង្ឃ ស៊ីផឹក ស្រវឹងប៉ែឡោ មានស្រីញី ដល់ថ្នាក់នេះហើយ នៅតែមិនដឹង និងគ្មានវិធានការ អ្វីសោះនោះ រហូតដល់ស្ទើរតែគ្មាន ពុទ្ធបរិស័ទ្ធ ចូលធ្វើបុណ្យ ស្ទើរដាច់ចង្ហាន់ ទៅហើយនោះ ។ ហើយពួកគាត់បានសំណូមពរដល់ មន្ត្រីសង្ឃជាន់ខ្ពស់ ក៏ដូចជាមន្ត្រីខាងធម្មការ និងសាសនា មេត្តាពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងនូវច្បាប់វិន័យ ដល់អ្នកគ្រប់គ្រង និងសង្ឃណាដែលមិនសូវបានគោរព និងប្រតិបត្តិនូវធម៌វិន័យ ផង ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់នូវព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋយើងនោះ ៕
Posted on: Fri, 19 Sep 2014 15:37:31 +0000

© 2015