គ.ជ.ប - TopicsExpress



          

គ.ជ.ប ទទួលបានបណ្ដឹង៧០ក្នុងរយៈពេល១សប្ដាហ៍ឃោសនាបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា សកម្មភាពការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ១សប្ដាហ៍មកនេះ មានលក្ខណៈប្រសើរ បើទោះបីជាមានពាក្យបណ្ដឹងមួយចំនួន ប្ដឹងទាក់ទងរឿងគណបក្សនយោបាយក៏ដោយ។ ផ្ទុយពីការអះអាងនេះ បេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង ចាត់ទុកយុទ្ធនាការឃោសនារបស់គណបក្សនយោបាយ១សប្ដាហ៍មកនេះ មានភាពមិនប្រក្រតីជាច្រើន ដែលស្ថាប័ន គ.ជ.ប ត្រូវមានវិធានការបន្ទាន់។ អ្នកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប បានប្រកាសក្នុងសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី៤ ខែកក្កដា ថា មានពាក្យបណ្ដឹងចំនួន៧០ ត្រូវបានគណបក្សនយោបាយប្ដឹងទៅស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងរាជធានី-ខេត្ត។ ហើយថា បណ្ដឹងទាំងនោះកើតមាននៅតាមរាជធានី-ខេត្តចំនួន១៣ ក្នុងចំណោម ២៤រាជធានី-ខេត្តនៅទូទាំងប្រទេស៖ «សូមអំពាវនាវទៅដល់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជួយធ្វើម៉េចឲ្យការឃោសនា ដើម្បីជៀសវាងកុំឲ្យមានការប្រទូសរ៉ាយគ្នា ឬអំពើហិង្សាកើតឡើង»។ បន្ថែមលើនេះ លោក កែវ ផល្លា ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមបណ្ដឹងទាំង ៧០ករណី គឺមាន ៦១បណ្ដឹង ប្ដឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និង ៩បណ្ដឹងទៀត កើតមាននៅគណៈកម្មការរាជធានី-ខេត្ត។ លោកឲ្យដឹងថា មានបណ្ដឹងជាងពាក់កណ្ដាល បានដោះស្រាយរួច ហើយក្រៅពីនេះកំពុងដោះស្រាយ៖ «ដោយឡែកនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ទទួលបាន ៩បណ្ដឹងនោះ គឺនៅក្នុងនោះបណ្ដឹងឡើងឧទ្ធរណ៍ ឬឡើងបន្តទៅគណៈកម្មការរាជធានីខេត្តនោះ មាន ៤បណ្ដឹងដែលមិនសុខចិត្តទៅនឹងការផ្សះផ្សា ឬសម្របសម្រួលរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ ហើយបណ្ដឹង ៥ទៀត គឺពាក់ព័ន្ធទៅនឹងការប្ដឹងពីមន្ត្រីរបស់គណៈកម្មការឃុំសង្កាត់ ទៅគណៈកម្មការរាជធានីខេត្តតែម្តង»។ ទោះជាបែបណា ទាំងអ្នកស្រី ស៊ីន ជំបូ អនុប្រធាន គ.ជ.ប និងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានវាយតម្លៃថា សភាពការណ៍ឃោសនាបោះឆ្នោតសភាអាណត្តិទី៥ មួយសប្ដាហ៍កន្លងមកនេះ មានលក្ខណៈប្រសើរ ព្រោះគ្មានអំពើហិង្សាកើតមានទេ។ ប្រតិកម្មតបការអះអាងនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា យុទ្ធនាការនេះមិនរលូនដូចថ្នាក់ដឹកនាំ គ.ជ.ប លើកឡើងទេ។ លោក ហូ វ៉ាន់ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ បានឲ្យដឹងថា ក្បួនឃោសនារបស់បក្សសង្គ្រោះជាតិ នៅតាមសង្កាត់មួយចំនួន មានដូចជាសង្កាត់ជ្រោយចង្វា នាខណ្ឌឫស្សីកែវ ជាដើម ត្រូវក្បួនឃោសនារបស់បក្សកាន់អំណាចតាមរំខាន។ លោកថា រូបភាពរំខាននេះ គណបក្សកាន់អំណាចបានប្រើរថយន្តធុនធំ បំពាក់ឧបករណ៍តន្ត្រីសម័យបើកសំឡេងកងរំពង តាមរំខានសកម្មភាពឃោសនារបស់គណបក្សប្រឆាំង។ លោកថា ភាពមិនប្រក្រតីនេះមិនមែនកើតមានតែពេលថ្ងៃទេ ដូចជានៅព្រលប់ថ្ងៃទី២ ខែកក្កដា នាមូលដ្ឋានសង្កាត់ឫស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ក្បួនឃោសនាគណបក្សប្រជាជន ក៏បានមករំខានកម្មវិធីឃោសនាបក្សប្រឆាំងដែរ ហើយសកម្មភាពនេះនាំឲ្យកកស្ទះផ្លូវជាតិលេខ៥ ថែមទៀត។ ទោះយ៉ាងណា មន្ត្រីគណបក្សប្រជាជនកម្ពុជា ដឹកនាំក្បួនឃោសនានៅខណ្ឌឫស្សីកែវ មិនធ្វើអត្ថាធិប្បាយ ជុំវិញសកម្មភាពរបស់ខ្លួនទៅលើក្បួនឃោសនារបស់គណបក្សប្រឆាំងទេ។ ហើយករណីនេះ មន្ត្រីបក្សសង្គ្រោះជាតិ ឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋាន ឬស្ថាប័នរៀបចំការបោះឆ្នោតពាក់ព័ន្ធ ក៏គ្មានវិធានការទប់ស្កាត់ភ្លាមៗទេ ពេលគណបក្សប្រឆាំងស្នើកិច្ចអន្តរាគមន៍។ ទោះយ៉ាងណា លោក កែវ ផល្លា បញ្ជាក់ថា បណ្ដឹងស្ដីពីការរំខានសកម្មភាពឃោសនានេះ គណបក្សប្រជាជន និងបក្សសង្គ្រោះជាតិ បានប្ដឹងចោទគ្នាទៅវិញទៅមក។ ប៉ុន្តែ បណ្ដឹងទាំងនោះ គឺមិនទាក់ទងការប្រើអំពើហិង្សាទេ។ លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់និចហ្វិក (NICFEC)។ លោកទទួលស្គាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតសភាប៉ុន្មានថ្ងៃមកនេះ ពិតជាមានសកម្មភាពក្បួនឃោសនារបស់បក្សកាន់អំណាចរំខានទៅលើក្បួនឃោសនាបក្សប្រឆាំងខ្លះៗពិតមែន តែគ្មានអំពើហិង្សាកើតឡើងទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ថា សកម្មភាពឃោសនាដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។ ហើយថា គ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយ ត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។ ការឃោសនាត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោតមកដល់៕ rfa.org/khmer/news/politics/nec-receive-70-complaint-07042013090047.html
Posted on: Fri, 05 Jul 2013 01:04:23 +0000

Trending Topics



Recently Viewed Topics




© 2015