រដូវ - TopicsExpress



          

រដូវ និងក្លិននៃការផ្លាស់ប្តូរ ( Wind and Smell of change) (ភាគបន្ត..) មិត្តស្រីរបស់អាពួកម៉ាកខ្ញុំ ចូលចិត្តថតរូប និង Poste នៅលើ Facebook ណាស់ គេចូលចិត្តធ្វើឬកពារ ម្ញិកម្ញក់ ឈរអែបជាមួយ មា ឃុន ហាក់ជិតស្និតណាស់។ ទេសភាពពេលនេះល្អណាស់ ហាក់ដូចជាគេប្រសិទ្ធិពរ មា ឃុន ជាកសិករ ជាមួយ កញ្ញាល្វតល្វន់ ប្រកបដោយភាពបញ្ញាជន មកពីសហរដ្ឋអាមេរិក ធ្វើឬកស្និតស្នាល លើកម្រាមដៃឡើងពីរ ។ សូមជម្រាបថាមិនមែនជាសញ្ញា គណបក្សនយោបាយ អ្វីឡើយ ដោយដៃម្ខាងទៀត គាត់រវល់ប្រគៀកស្មាជាមួយនិងកសិករឃុន ។ តាម ធម្មតាម្រាមដៃទាំងអស់នៃដៃម្ខាងទៀតនោះ ខ្ញុំតែងតែឃើញគេលើកឡើង នាខែកន្លង ទៅ ដែលគេ Poste នៅក្នុង FBកន្លងមក ។ អាសម្លាញ់ខ្ញុំ លាន់មាត់ថា “ WOW ៖ ដូចនៅសហរដ្ឋអាមេរិក នៃរដូវធ្លាក់ទឹកកកអញ្ជឹង ដោយស្លឹកពោធិ៍ចាស់ៗ បានធ្លាក់ចាកមែឃ ដោយអំណាច ខ្យល់នៃរដូវផ្លាស់ប្តូរ បង្ខំអោយជ្រុះចេញពីធាង ដែលស្លឹកពោធិ៍ទាំងនោះ ខ្លះទៅមាន ពណ៏លឿង ខ្លះទៀតមានពណ៏លឿងព្រឿងៗ ធ្លាក់ស្រោចពាសពេញលំហអាកាស ហាក់ដូចជា គេបាចផ្កាទៅលើ កញ្ញា ខែម វិធិយោ ដែលនាងធ្វើខួបកំណើត នៅពេលដែលនាង ទើបតែវិលត្រឡប់មកពីសហរដ្ឋអាមេរិក នៃវិស្សមកាល ដែល យាយរបស់នាងមាន ធ្មេញខ្មៅ ដោយសារការពិសារម្លូ ឈរញញឹមថតជាមួយនាង យ៉ាងសប្បាយរីករាយ។ អាសម្លាញ់ ស្ទៀវ ឬ Stewen ដែលជាឈ្មោះតាមបញ្ចឹមប្រទេស ទយគូថ សម្លក់តាមCameraរបស់គេ ភ្ញាក់ព្រើតទៅនឹងសម្លេងស្រែកយ៉ាងភ័យស្លន់ស្លោ របស់ មិត្តស្រីរបស់គេ។ វិធិយោ កំពុងតែទន្រ្តាំជើងខ្លាច សត្វជន្លេន(គ្មានឆ្អឹង) ដៃឆ្វេងរបស់ នាង ខ្ទប់ដៃស្ដាំម្ខាងទៀត ដែលកំពុងតែហូរឈាមចេញមក ក្នុងខណៈ ពេលដែលនាងភ្ញាក់នឹងជន្លេន បណ្ដាលអោយប៉ះពារទៅនឹង ធ្មង់ត្រីអណ្តែងផង ព្រមទាំងត្រនុងខ្នង ត្រីក្រាញ់ផង។ ភ្លាមនោះ មា ឃុន បានខ្ជាក់កញ្ចុកថ្នាំពីមាត់ របស់ មាយើង មកជូតអោយ កញ្ញា ខែម វិធិយោ ដោយភ័យញ័រពេញទាំងខ្លួនហើយ ពោល ថា “ ក្មួយស្រី កុំខ្លាច កុំខ្លាចអី ជន្លេននេះវាមិនមានធ្មង់ ឬ ក៏មាត់ខាំបង្កអោយមាន គ្រោះ ថ្នាក់ទេ ” សូមនាងទប់អារម្មណ៏បន្តិច ជន្លេននេះវាជាមិត្តជាមួយអ្នកស្រែ ក្នុងការរក្សាដី អោយមានស្ថានភាព ចលនាខ្យល់ និងទឹក អាចជ្រាបចូលទៅដល់បាតស្រែទៀតផង អស្ចារ្យមែន ក្រៅពីអាផ្ទក់ មានបញ្ញានាំមុខ អាអណ្ដែង និងអាក្រាញ់ស្វែងរកទីតាំងថ្មី ទោះជាជាប់ត្រណោតក៏ដោយ អាអណ្ដែង និងអាក្រាញ់នៅតែមានលទ្ធភាពក្នុងកិច្ច បង្កគ្រោះថ្នាក់ដល់កញ្ញាគួរអោយស្រលាញ់នេះដែរ ។ ខែម វិធិយោ ជានារីជាទីស្រឡាញ់របស់អ្នកនយោបាយដ៏ឆ្នើមនាំមកនូវស្មារតី និងគំនិតថ្មី ជាតិនិយមជាមួយលទ្ធិប្រជាធិបតេយ្យ ថ្វីមាត់ពេលនោះ នាងពុំសូវមានភាពជិតស្និទ្ធ និង មហាជនកសិករ ឬកម្មករនោះទេ ក្រៅពីមិត្តរួមថ្នាក់ជាមួយនាង ឬធ្វើតាមទ្រឹស្ដីរបស់លោកខាងលិច។ ក្រៅពីនេះនាងស្រឡាញ់ ជាមួយនិងការគោរពនិងធ្វើត្រាប់តាមចំពោះវារៈភាពរបស់ លោកឪពុក។ នាងតែងតែទទួលនូវដំណឹងឬ ព័ត៌មានបន្ថែមពីស្រុកទេសរបស់នាង ពីលោកឪពុក។ ព័ត៍មានមួយចំនួនគឺចេញពីសៀវភៅ ឬពីលោកគ្រូ តែប៉ុណ្ណោះគឺមិនមែន ចេញពីវាលស្រែ ឬរោងចក្រ ដែលបណ្ដាលអោយនាងច្រឡោតខ្លាចនិងសត្វជន្លេន។ នេះជាការផ្លាស់ប្តូរបទ ពិសោធន៏ រវាងអ្នកស្រែពីវាលស្រែជាក់ស្ដែង។ លោកឪពុកនាង ក៏ដូចជាមិត្តភ័ក្តនាងផ្ទាល់ តែងតែសម្លឹងឃើញអនាគតរបស់នាង ជាវីរៈនារីដ៏ឆ្នើមនាំមុខ ឬជាអ្នកដឹកនាំមួយទៅអនាគត ក្នុងចំណោមកសិករ ឬកម្មករដែលនាងមានប្រៀបជាង ទាំងភាសារ បរទេស ហើយយ៉ាងហោចណាស់ មួយចំណែកតូចមួយបន្ថែមទៀតនៃការឃើញ នៃគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ។ មិត្តស្ទៀវ ភ័យស្លន់ស្លោខ្លាំងណាស់គេទម្លាក់កាមេរ៉ា(Camera) ចោលរត់ទៅជួយនាង ខែម វិធិយោ ដោយគេពុំដែលជួបប្រទះ និងទិដ្ឋភាពបែបនេះទាល់តែ សោះ។ ស្ទៀវ ក៏យកចុងអាវ ចេញពីចង្កេះខោរបស់គេ យកទៅជូតមុខរបួសរបស់នាងព្រមជាមួយពាក្យលួងលោមរបស់ស្ទៀវថា “ មិនអីទេពៅ! មិនអីទេពៅ! ” គេយកដៃរបស់នាងមកថើបថ្នមៗ ដើម្បីសម្រួលអារម្មណ៍ពីការភិតភ័យ និងរឿងភ្ញាក់ផ្អើលគួរអោយ រន្ធត់ពីសត្វជន្លេនគ្មានធ្មុង និងមុខរបួសពីស្បែកដ៏ភ្លឺរលោងរបស់នាង។ ព្រឹត្តិការណ៍នេះក៏ត្រូវបញ្ចប់និងត្រឡប់មកស្ថានភាពដើមឡើងវិញ ដោយកញ្ញា ខែម វិធិយោ ចាប់អារម្មណ៍ខ្លាំង និងកូនស្រីរបស់លោក មា ឃុន ទូលល្អី ដែលមានមែក និងស្លឹកឈើដាក់គ្របពីលើស៊ុបទ្រុប ។ កូនស្រី មា ឃុន មានឈ្មោះថា កញ្ញារត្ន័ ដែលជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានវ៉ាន់ដា នៅឯទីក្រុងភ្នំពេញ។ ភ្លាមនោះកញ្ញារត្ន័ ក៏បានដាក់ល្អីចុះចូលរួមជួយពិនិត្យ ស្នាមរបួសរបស់ អ្នកនាង ខែម វិធិយោ និងជួយលួងលោមដើម្បីសម្រន់ នៃការភ័យខ្លាច និងការឈឺចាប់។ កញ្ញារត្ន័ លុតជង្គង់ជាមួយសារុងទទឹក ពាក់កណ្តាល ពិនិត្យមើលរបួសរបស់អ្នកនាង ខែម វិធិយោ។ ក៏ប៉ុន្តែសារថ្មីម្តងទៀតនោះ អ្នកនាង ខែម វិធិយោ បានស្រែកដោយអារម្មណ៍ភ្ញាក់ផ្អើល ដោយឃើញ ក្តាមគ្រោងពណ៏ត្នោត មួយត្រៀមខ្លួនភៀសកាយចេញពីល្អី និងគំរបដោយមែកធាង និងស្លឹកឈើ។ អាគ្រោងខំប្រឹង ណាស់ ណាមួយវែកប្រឡង់ពីស្លឹកគ្របផង ណាមួយប្រឹងគេចចេញ ពីការយាយីទាញទម្លាក់ចុះ របស់អាគ្រោងដទៃទៀតផង។ ក្នុងការដណ្តើមស្វែងរកសេរីភាពឲ្យប្រាស់ចាកពីល្អីហុំព័ទ្ធ នៃសង្គមចំណាប់ខ្មាំងរបស់មនុស្ស។ ជាមួយនឹងសម្លេងទាមទាររបស់អ្នកនាង វិធិយោ អោយបើកស្លឹកឈើ និងធាងដែលគ្រប់លើល្អី លោក មាឃុន ស្រែកយ៉ាងខ្លាំងដើម្បីរក្សាសណ្តាប់ធ្នាប់ ក្រែងជួប និងគ្រោះថ្នាក់បង្កើតឡើងជាថ្មីទៀតដោយត្រីធ្លាក់អន្លង់ គឺអាភ្ទក់ អាក្រាញ់ និងអាអណ្តែងជាពិសេសពី អាវុធដ៏មានប្រសិទ្ធភាពរបស់អាគ្រោង ដែលជាជំនួយពីព្រះឥន្ទ។ ត្រីបីប្រភេទនេះ ទោះបីជាជាប់ត្រនោតនិងមាត់យ៉ាងណាក៏ដោយ ក៏នៅតែសាហាវដូចដើម ដែលលោក មា ឃុន ស្រែកអោយប្រុងប្រយ័ត្ន ការពារអំពី ឧបទ្ទវហេតុដែល កើតឡើងជាយថាហេតុ ឬក៏ជាបទបញ្ជាឥតព្រាងទុករបស់លោក មា ឃុន ក្នុងកិច្ចការ សុវត្ថភាព និងសណ្ដាប់ធ្នាប់។ នេះជាភាពក្លាហាន និងភាពគ្រោះថ្នាក់នៃចលនាត្រីផ្អើល ជាមួយនិងរដូវនិងក្លិននៃការផ្លាស់ប្តូរ។ ពេលនេះ អ្នកនាង វិធិយោ និងអ្នកទំាងអស់ស្ងប់អារម្មណ៏បន្តិចដោយស្ថានភាពថ្មី និងវិធានការការពារ បញ្ចៀសពីគ្រោះថ្នាក់ ដោយលោក មាឃុន ក៏ដូចជាចំណាប់អារម្មណ៏ថ្មី។ និយាយពីអាគ្រោងវិញ អាគ្រោងនីមួយៗមានឱកាសនាំមុខ និងនៅលើក្បែរគែមមាត់ល្អីទោះបីជាអាគ្រោងនីមួយៗប្តេជ្ញាទំាងស្មារតី និងកំលាងកាយ ឲ្យចាកផុតពីល្អីដែលជាមន្ទីរឃុំឃាំង ខ្វៈសេរីភាពដូច កាលគេរស់នៅក្នុងវាលស្រែដោយសេរីយ៉ាងណា ក៏ដោយ។ អាគ្រោងនីមួយៗមាន ទិសដៅប្រយុទ្ធ ដើម្បីរំដោះខ្លួនគេអោយមានសេរីភាព ចាកផុតពីការស្លាប់ ក៏អាគ្រោងនីមួយៗនោះ ជួបប្រទះនិងការដណ្ដើមយកឱកាស និងភាពនាំមុខ ដទៃទៀតប្រឹងដណ្តើម អូសទម្លាក់ អាគ្រោងនាំមុខ ទាំងហិង្សា និងគ្រប់មធ្យោបាយ ព្រមទាំងវោហាសាសន៏ គឺរិះរកឱកាស និងការមិនអនុញ្ញាតអោយអាគ្រោងណាមួយក្រៅពីខ្លួងឯង មានលទ្ធភាពចាកចេញពីល្អី នៃ ចំណាប់ខ្មាំង ទាំងអារម្មណ៏ និងអាយុជីវិតនោះឡើយ នេះជាភាពនាំមុខនៃការដណ្តើម ជោគជ័យ និងអំនួតដែលអាគ្រោងទទួលបានការ អបអរសាទរ ពីនាងញីដទៃទៀត ដែលកោតសរសើរថា៖ វីរៈក្តាមគ្រោង ។ នេះជាហេតុផល ក្រៅពីសង្រ្គោះជីវិត និងតំដោះរកសេរីភាពដែលធ្វើឲ្យមានការប្រយុទ្ធស្លាប់រស់ នៃការដណ្តើមភាពជាវីរះក្តាមគ្រោង។ ការប្រយុទ្ធនេះ បានធ្វើឲ្យផ្អើលកក្រើកនៃអាណាចក្រល្អីរបស់ពូជក្ដាម ដែលពេលនោះគេមិនបានប្រទះឃើញ សង្គមស៊ីវិលក្តាម ឬក្តាមវិភាគឯករាជ្យ ឬបណ្ឌិតតក្តាមដែលអាចធ្វើឲ្យមានឱកាស ជជែកស្វែងរកវិធាន នៃការរំដោះក្រុមគេចេញពីល្អីរបស់កញ្ញារ័ត្ន ដោយសន្តិ ភាព ឬឯកភាពក្នុងការស្វែងរកមធ្យោបាយសំបូរបែបដទៃទៀត ឬអ្វីក្រៅតែពីការដណ្តើមៗៗៗៗ........ដណ្តើម!!!!!!! ដែលធ្វើអោយនាងក្ដាមអស់សង្ឃឹម។ នេះជាពាក្យប្រកបដោយការពិចារណារបស់លោក មា ឃុន ប្រាប់ដល់អ្នកនាង វិធិយោ និង កញ្ញារ័ត្ន ក៏ដូចជាបុរស់សង្ហាសក់ក្បាលអង្កាញអង្គាដី នៃម្ចាស់ចិត្ត ហេងស៊យ របស់គេ។ លោក មា ឃុន ជាកសិករដែលជាពាក្យបដិវត្តន៏ ឬអ្នកស្រែជាពាក្យរបស់អ្នកទីក្រុង។ លោក មា ក៏បានចូលរួមចំណែកក្នុងកិច្ចវិភាគឯករាជ្យបន្ថែម លើបញ្ហានេះ “យើងឃើញទេអាគ្រោងនីមួយៗ មិនដែលអនុញ្ញាតអោយអាគ្រោងណាមួយ ក្រៅពីខ្លួនឯងចាកចេញ ដោយសុវត្ថិភាព។ ក្រៅពីការធ្វើយុទ្ធនាការ និងវោហាសាសន៏ អូសទម្លាក់ ឬតោងពីអាគ្រោងដទៃ ដែលស្ថិតនៅលើបន្តបន្ទាប់គ្នាតែប៉ុណ្ណោះ។ គ្មានអាគ្រោងណាមួយរួចខ្លួនឬផុតទុក្ខ ក្រោកឈរ ប្រឹងប្រែង ផ្លាស់ប្ដូរសង្រ្គោះជីវិតគេ។ ចម្លែកម្ដង់ៗគេឃើញអាគ្រោងតែងតែវាយប្រហារនិងជម្រុញ ក្រុមនាងញី និង អាគ្រោងតូចៗ ដែលមានសកម្មភាពបន្តិចបន្តួចដែលតែងតែ ចាំស្តាប់ ចាំមើល ចាំទទួលបញ្ជា ឬ ធ្វើតាមបង្គាប់នៃអាគ្រោងនាំមុខតែប៉ុណ្ណោះ។ នាងអូន! នាងអូន! គេយកទៅធ្វើអ្វីក្តាមទាំងអស់នេះ? នេះជាសម្លេងដ៏ស្រួយ ស្រេះ និង In style របស់បញ្ញាជន មកពីសហរដ្ឋអាមេរិក សួរទៅកាន់កញ្ញារ័ត្ន ដែលនាងទៅរៀនផង ជួយស្វែងរកប្រាក់ចំណូលក្នុងការរស់នៅដ៏ថ្លៃថ្នូរ របស់គ្រួសារនាងផង។ កញ្ញារ័ត្ន ក៏តបវិញ ដោយសេចក្តីគោរពនៃសម្លេងសុភាពរាបសារប្រាប់ថា គេនឹងធ្វើក្តាមបំពងលក់ជូនភ្ញៀវ ទេសចរណ៏ មកកំសាន្តនៅរមណីយដ្ឋាន ភ្នំឧដុង្គ ។ ជាមួយនឹងខ្យល់បក់និងស្នូរខ្លាំងនៃស្លឹកឈើ មេឃងងឹត ដើមដូងរេនៅឯនាយនៃមាត់បឹងប្រាង្គ ខាងកើត វត្តវាំងចាស់ ហាក់ដូចរកកល់ចងបាក់ រីឯដើមកក់ហាក់ដូច ជាសក់ស្រ្តីត្រូវខ្យល់ក្រាបរាប ដូចកម្រាលព្រំនៅក្នុងបឹង.......... សម្លេងមិត្តស្ទៀវ ក្នុងលក្ខណៈខ្លាំង ផុតៗដង្ហើម ប្រជែងនិងសម្លេងធម្មជាតិ ស្រែកហៅ កញ្ញា វិធិយោ អោយហុចដៃរបួស របស់នាង ដើម្បីលាងមុខរបួស និង ព្យាបាល។ អាសម្លាញ់ស្ទៀវខ្ញុំ វាចេញពីប្រភព គ្រួសារនៃមន្រ្តីអភិរក្សសង្គមនិយម ថ្លៃថ្នូរម្នាក់ ដែលមានការគោរព និងការថ្នាក់ថ្នម ជាប្រចាំនៅក្នុងសង្គមគ្រួសាររបស់គេ។ ក៏ប៉ុន្តែខ្ញុំឆ្ញល់ណាស់ថា ចរិក ពីនាក់នេះខុសគ្នា ស្រឡះ ប្រៀបដូចជាមេឃហើយនិងដី មួយរបៀបអភិរក្ស មួយទៀតអ្នកនាង វិធិយោ គឺមានភាពឆ្មើង អោយគេកោតថា ខ្លួនគេពុំដែលមានការពិសោធន៏រស់នៅក្នុង ក្រុម គ្រួសារឆ្មើងដែលមានតែការ បញ្ជើចបញ្ជើរ ពង់ឬកឆ្មើងជាអ្នកធំ ឬធ្វើឬកឆ្មៃ ដើម្បី អោយគេកោត។ មិត្តស្រីរបស់ខ្ញុំ នាងកន្តឿ តែងតែរម្លឹកប្រាប់ខ្ញុំជារឿយៗថា គេត្រូវគ្នាណាស់ មួយជាអ្នកបញ្ជើចបញ្ជើរយកចិត្តទុកដាក់ ម្នាក់មានឬកជាក្មេងខ្ចីត្រូវការបញ្ជើចបញ្ជើរ និង គោរព។ ខ្យល់បក់កាន់តែ រន្ថើនកាន់តែខ្លាំងឡើងៗ លោក មា ឃុន ធ្វើភ្នែកមមីការពារ ជាមួយនិងខ្យល់បក់ និង កញ្ញារ័ត្ន ដែលសក់របស់នាងមួយចម្ហៀងបាំងផ្ទៃមុខ បាត់ភ្នែកមួយចម្ហៀង ជាប់ជាមួយថ្ពាល់ ឯមួយចម្ហៀងទៀត បាចប៉ើងទៅក្រោយ ក៏ស្នើរអោយភ្ញៀវទៅជ្រកនៅផ្ទះរបស់គេ ដែលមានទីតាំង នៅភូមិ ម្លូម៉ឺនខាងលេច ដែលពីជំនាន់សង្គមរាស្រ្តនិយមគេហៅថា ភូមិមុខវាំង ។ អ្នកនិពន្ធសូមមិនរក្សាសិទ្ធ! “ នេះជាកម្រងរឿងព្រេងប្រជាប្រិយ ដែលមនុស្សចាស់ៗ តាមភូមិនិទានប្រាប់យុវជន ជំនាន់ក្រោយជាសណ្ដាប់ ”
Posted on: Thu, 22 Aug 2013 11:50:19 +0000

Recently Viewed Topics




© 2015