លោក កឹម សុខា - TopicsExpress



          

លោក កឹម សុខា ព្រមានធ្វើមហាបាតុកម្មលើកទីបី ប្រសិនបើការប្រជុំសភាកើតឡើង មិនមានដំណោះស្រាយ ***************************** អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅល្ងាចថ្ងៃអង្គារនេះ ព្រមានថា គណបក្សប្រឆាំងនឹងធ្វើមហាបាតុកម្មលើកទីបី ប្រសិនបើមានការបើកប្រជុំសភានៅថ្ងៃទី២៣កញ្ញា ដោយមិនមានដំណោះស្រាយសមរម្យជាមុនសិន។ លោក កឹម សុខា ថ្លែងទៅកាន់បាតុករជាងបួនម៉ឺននាក់ នៅថ្ងៃចុងបញ្ចប់នៃបាតុកម្មបីថ្ងៃនេះថា ប្រសិនបើមិនមានការឯកភាពរកដំណោះស្រាយសមរម្យ នៅត្រឹមថ្ងៃទី២២ខែកញ្ញានេះទេ គណបក្សសង្រ្គោះជាតិ នឹងពហិការចូលរួមប្រជុំសភាលើកដំបូង ហើយនឹងធ្វើមហាបាតុកម្មជាបន្តបន្ទាប់។ តែមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា តំណាងរាស្រ្តរបស់ខ្លួននឹងចូលរួមប្រជុំសភាធម្មតា បើទោះជាមិនមានគណបក្សសង្រ្គោះជាតិក៏ដោយ។ លោកកឹម សុខា បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មិនចង់ធ្វើមហាបាតុកម្ម ទេ តែយុត្តិធម៌ត្រូវតែផ្តល់ឲ្យម្ចាស់ឆ្នោត។ លោកបន្តថា គណបក្សសង្រ្គោះជាតិ នឹងនៅតែទាមទារ ឲ្យមានការផ្តល់ឲ្យតាមគោលនយោបាយរបស់គណបក្សទាំង៧ចំណុច ដូចជាការដំឡើងប្រាក់បៀវត្ស៍ដល់កម្មករ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ និងមនុស្សចាស់ចាប់ពី៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល។ ចំណែក លោក សម រង្ស៊ី ប្រកាសបន្តទាមទារយុត្តិធម៌បន្តទៀត ជូនម្ចាស់ឆ្នោត និងអ្នកគាំទ្រ ប្រសិនបើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា មិនទទួលបានលទ្ធផលតាមឆន្ទៈប្រជាពលរដ្ឋ។ លោក សម រង្ស៊ី ក៏បានប្រកាសឲ្យបាតុករដែលមកពីបណ្តាខេត្ត ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានចូលរួមមហាបាតុកម្ម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា។ នៅថ្ងៃអង្គារនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសថា ពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា សប្តាហ៍ក្រោយនេះ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ សេចក្តីប្រកាស ព័ត៌មានបន្តថា សម័យប្រជុំដំបូងនេះ នឹងមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិ FM96MHZ និងវិទ្យុវត្តភ្នំ 105.70MHZ ចាប់ពីម៉ោង ៨ព្រឹក៕ ដោយលោក ស៊ុន ណារិន
Posted on: Tue, 17 Sep 2013 10:56:06 +0000

Trending Topics



Recently Viewed Topics




© 2015