ឆាវឆាវ រឿង “សាមកុក” - TopicsExpress



          

ឆាវឆាវ រឿង “សាមកុក” ជានរណា? Trackback ផ្សាយក្នុងផ្នែក Sabay តារា ដោយ yornsophearith កាលពី 3 hours ago 7 Comment(s) គ្រាន់តែនិយាយពីឈ្មោះឆាវឆាវ ប្រិយមិត្ត មិត្តអ្នកអាន ប្រាកដជានឹកឃើញភ្លាមទៅដល់ខ្សែភាពយន្តបុរាណចិនបែបប្រវត្តិសាស្ត្រ Three Kingdoms ដែលទស្សនិកជនខ្មែរហៅថា សាមកុក (នគរទាំងបី)។ តាមពិតទៅ ដូចដែលប្រិយមិត្ត បានដឹងហើយថា រឿង “សាមកុក” ត្រូវបានផលិតជាច្រើនលើកច្រើនសាររួចមកហើយ ហើយសាច់រឿងស្ទើរតែគ្មានកែប្រែនោះទេ ខណៈដែលតួអង្គមានការផ្លាស់ប្ដូររហូត។ អ្វីដែល Sabay ចង់បង្ហាញមិត្តអ្នកអានថ្ងៃនេះ គឺតួអង្គឆាវឆាវដែលថតកាលពីឆ្នាំ២០១០ ដែលដឹកនាំដោយលោក Gao Xixi របស់ស្ថានីយទូរទស្សន៍ដ៏ល្បីរបស់ចិនគឺ CCTV។ មិនខុសពីភាពយន្តមុនៗនោះទេ តួអង្គឆាវឆាវ ដែលផលិតឡើងនៅឆ្នាំ២០១០ នេះ ត្រូវបានគេចាត់ទុកថា តួអង្គចរិតសម្បូរបែប ពោល ជាមនុស្សស្លូត កាច សាហាវ ចិត្តល្អ ឆ្លាតវៃ ពោរពេញដោយល្បិចកល យុទ្ធសាស្ត្រសង្គ្រាម និងចេះប្រើប្រាស់មនុស្ស តែមិនសូវមានគុណធម៌ និងមិនពូកែក្បាច់គុណនោះទេ។ តាមរយៈសាច់រឿង គេនៅមិនទាន់ភ្លេចទេថា ក្នុងរយៈពេលដែលទើបនឹងចាប់ផ្ដើមមានចលាចលនៃការច្បាំងដណ្ដើមគ្នាធ្វើធំពីបណ្ដាមេទ័ពជើងខ្លាំងទាំងឡាយនាចុងសម័យរាជវង្សហានខាងកើត ឆាវឆាវ មានឋានៈតូចទាប និងមានឥទ្ធិពលដ៏តិចតួចបំផុត។ ក៏ប៉ុន្តែ ដោយសារតែភាពឈ្លាសវៃ ទីបំផុតគេអាចបង្ក្រាបមេទ័ពទាំងនោះឱ្យចុះញ៉ម រហូតបង្រួបបង្រួមគ្នាតែមួយវិញបាន ហើយចុងក្រោយគេអាចក្តាប់បានអំណាចជាឧបរាជនៅនគរហានអស់ពេលជាច្រើនឆ្នាំ។ កំណាព្យ និងទ្រឹស្តី មួយចំនួនប្រហែលជាទស្សនិកជនមួយចំនួននៅចងចាំមិនទាន់ភ្លេចនោះទេ ប្រសិនបើបានទស្សនាខ្សែភាពយន្តនេះពីវគ្គដំបូងរហូតដល់ចប់។ ទ្រឹស្តីមួយដែលគេចាំមិនភ្លេច ហើយត្រូវបានទស្សនិកជនចាត់ទុកថា ទស្សនៈអមនុស្សធម៌របស់ឆាវឆាវ គឺនៅពេលឆាវឆាវច្រឡំសម្លាប់អ្នកភូមិគ្រួសារលីង អស់ជាង ១០នាក់ និងថែមទាំងបានសម្លាប់អ៊ំប៉សឺរ ដែលជាបងប្អូនធម៌របស់ឪពុកឆាវឆាវ (ត្រូវជាអ៊ំប្រុសឆាវឆាវ)។ ឆាវឆាវបាននិយាយនៅពេលនោះថា ៖ “ “…គឺព្រោះតែច្រឡំ ច្រឡំសម្លាប់ទៅហើយ ដូច្នេះត្រូវតែជម្រះស្មៅទាំងឫសតែម្ដង…”។ ឆាវឆាវ ថែមទាំងបានពោលទៀតថា ៖ “ខ្ញុំសុខចិត្តក្បត់មនុស្សនៅក្នុងលោក តែមនុស្សនៅក្នុងលោកមិនអាចក្បត់ខ្ញុំបានទេ” អំពីតួអង្គឆាវឆាវ៖ ស៊េរីភាពយន្ត “សាមកុក” ផលិតក្នុងឆ្នាំ២០១០ ឆាវឆាវសម្ដែងដោយ Chen Jianbin បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ជាតួសម្ដែង អ្នកដឹកនាំរឿង និងជាសាស្ត្រាចារ្យផ្នែកភាពយន្ត។ លោកបានសិក្សាផ្នែកភាពយន្តពីសាលាបណ្ឌិតសភាភាពយន្តមជ្ឈិមចិន (Central Academy of Drama) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញនេះនៅឆ្នាំ១៩៩៤ និងថ្នាក់អនុបណ្ឌិតពីសាលាដដែលនៅឆ្នាំ១៩៩៨។ លោកបានបំពេញតួនាទីជាតារាសម្ដែងផង ជាសាស្ត្រាផ្នែកភាពយន្តផង និងជាអ្នកដឹកនាំរឿងផង។ Chen Jianbin សម្ដែងរឿង “Driverless” ឆ្នាំ២០១០ លោកទើបនឹងដឹកនាំរឿងបានមួយរឿងប៉ុណ្ណោះ គឺ ”Ni Shi Wo Ai Ren” (You Are My Love(r)) ឱ្យស្ថានីយទូរទស្សន៍ Hunan TV កាលពីឆ្នាំទៅមិញ។ ក្នុងភាពយន្តនេះលោកបានដឹកនាំការសម្ដែងផង និងដើរតួសម្ដែងផង។ និយាយពីអាជីពសម្ដែង តួអង្គឆាវឆាវម្នាក់នេះ បានសម្ដែងពីឆ្នាំ១៩៩៧ គឺរយៈពេលមួយឆ្នាំមុនបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាពយន្តពី សាលាបណ្ឌិតសភាភាពយន្តមជ្ឈិមចិន (Central Academy of Drama)។ ភាពយន្តដំបូងដែលលោកបានសម្ដែង គឺ Jing Gang Ai Qing Xian (京港爱情线) ជម្រៅស្នេហ៍ជីងកាន។ ក្នុងចំណោមភាពយន្តដែលលោកបានសម្ដែងជាង ១០ រឿង រឿង “សាមកុក” បានធ្វើឱ្យតារាសម្ដែងម្នាក់នេះមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ពោលគឺមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ នៅចិន កូរ៉េ និងបណ្ដាប្រទេសជាច្រើនទៀតក៏ចាប់ផ្ដើមស្គាល់តួអង្គឆាវឆាវសម័យទំនើបនេះដែរ។ រឿងនេះ លោកបានទទួលពានតួសម្ដែងសមបំផុត (Best Actor Award) នៅឆ្នាំ២០១១ ពីកម្មវិធីប្រគល់ពានអន្តរជាតិ Seoul International Drama Awards រៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ចំណែកនៅប្រទេសចិនវិញ រឿង “សាមកុក” នេះដែរ ក៏បានធ្វើឱ្យតារាសម្ដែងម្នាក់នេះ ទទួលបានពាន Person of the Year ពី TV Drama Awards Made in China រៀបចំឡើងដោយទូរទស្សន៍ Anhui Television ដែរ។ កាលពីឆ្នាំ២០០៦ Chen Jianbin ក៏ទទួលបានពានមួយដែរ គឺតារាសម្ដែងប្រជាប្រិយបំផុត (Most Popular Actor) ដែលមានឈ្មោះ Golden Eagle Television Awards លើកទី ២៣ តាមរយៈខ្សែភាពយន្ត Qiao Jia Da Yuan របស់ស្ថានីយទូរទស្សន៍ CCTV។ ក្រៅពានរង្វាន់ទាំងនេះ នៅមានពានជាច្រើនទៀត។ Chen Jianbin បានរៀបអាពាហ៍ពិពាហ៍ជាមួយ Jiang Qinqin នៅឆ្នាំ២០០៦ និងទទួលបានកូនប្រុសម្នាក់នៅឆ្នាំ២០០៧៕
Posted on: Wed, 02 Oct 2013 07:22:08 +0000

Trending Topics



Recently Viewed Topics




© 2015